អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១២ ខែសីហាថា រដ្ឋមន្រ្តីលោក ប្រាក់ សុខុន បានសរសេរលិខិតដាច់ដោយឡែកចំនួនពីរចុះថ្ងៃទី១១ ខែសីហា ផ្ញើទៅប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរាយការណ៍ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ កំពុងរងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ដោយសារកងទ័ពថៃបានបង្កើនការរំលោភចូលដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
លោកបានបន្តថា នៅក្នុងលិខិតនោះ បានលើកឡើងពីសកម្មភាពទាហានថៃបញ្ជូនគ្រឿងចក្រធន់ធ្ងន់ចូលឈូសឆាយធ្វើផ្លូវ និងជីកលេណដ្ឋានជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា រួមទាំងដាក់រាយបន្លាលួស និងរុះរើផ្ទះសម្បែងពលរដ្ឋខ្មែរនៅចំណុចចក្រអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារជាដើម។
ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។ ចាប់តាំងពីបទឈប់បាញ់ចូលធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃ បានបន្តជ្រៀតចូលទឹកដីដោយខុសច្បាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែងជាច្រើន។
— លោក ជុំ សុន្ទរី
លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា លោក ប្រាក់ សុខុន ក៏បានរាយការណ៍ទៅអង្គការសហប្រជាជាតិ ជុំវិញការព្រមានកាលពីថ្ងៃទី១០ ខែសីហា របស់មេទ័ពភូមិភាគ២របស់ថៃគឺលោក ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) ដែលថានឹងវាយចូលកាន់កាប់ប្រាសាទតាក្របី រួមទាំងបិទប្រាសាទតាមាន់ធំ ខណៈប្រាសាទទាំងនោះ ស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីទទួលស្គាល់ជាអន្តរជាតិខ្នាត១លើ២០០ពាន់ ផលិតឡើងពីគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម អនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រួមទាំងឯកសារមានតម្លៃជាគតិយុត្តិជាច្រើនផ្សេងទៀត។
លោកបានបញ្ជាក់ថា កម្ពុជាទាមទារឱ្យកងទ័ពថៃគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ត្រូវបញ្ឈប់ការឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ រួមទាំងត្រូវដកកម្លាំងនិងឧបករណ៍ទាំងអស់ចេញពីទឹកដីកម្ពុជា ហើយអនុវត្តឱ្យបានពេញលេញនិងដោយគ្មានលក្ខខណ្ឌនូវបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា និងកំណត់ហេតុព្រមព្រៀងចុះថ្ងៃទី០៧ ខែសីហា។
សូមរង់ចាំអានព័ត៌មានពិស្ដារ៖